Pages

Sunday, October 26, 2014

អ្នកស្រី រស់ សិរីសុទ្ឋា

 

​ជីវប្រវត្តិ​

​​​​​​​​​​                                                 ​​​ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់សុទ្ធា ឈ្មោះហៅក្រៅ រៃ ។​ ឈ្មោះសិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីព ជាអ្នកចម្រៀង។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់សេរីសុទ្ធា ទៅវិញ។






ប្រវត្តិកុមារភាព



អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបឋមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ នេតយ៉ង់​​​ នៅឆ្នាំ១៩៦២។ 
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល​ ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង​ ​ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះជាពុករបស់អ្នកស្រីរស់ សិរីសុទ្ឋា។​ រីឯម្តាយរបស់អ្នកស្រីវិញ​ មាននាមថា ណាត់ សាមៀន​ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង​។​ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។​ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សាបឿន​ សព្វថ្ងៃរស់នៅបាត់ដំបង​ ក្នុងវ័យប្រហែល៧០ឆ្នាំ។​ បងស្រីទី២​មានឈ្មោះថា រស់សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ​ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ​ នៅសម័យខ្មែរក្រហម។​ ចំណែកប្អូនស្រីពៅមានឈ្មោះថា​​ រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សិរីសុទ្ធា។​ អ្នកស្រីរស់សិរីសោភ័ណ​ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ​​ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់លោក អ៊ុកស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។​
កាលនៅក្នុងវ័យសិក្សា​ អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់​ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា​ អារៃ ត្បិតអ្នកស្រីមានសម្លេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង។​​ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសមេ្លងធម្មតា! មិនសូវជាឮប៉ុន្មានទេ​ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់​ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយ នៅអាចរក្សា សំឡេងស្រួយមុត​បានដូចអ្នកស្រីសុទ្ធាណាស់។ កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចី​ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ​។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ដែលអ្នកស្រីឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក។ នៅពេលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ​ "បងរៃ" ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះជានិច្ច​។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង​ យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។
យុវតីរស់សិរីសុទ្ធាមានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់​ ហើយមានទឹកមុខញញឹមជានិច្ច​​ ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ​​ គឺនាងពូកែលាក់អារម្មណ៍ណាស់​ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។​ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ​ តែជាមនុស្សមានសម្ដី ជាក់លាក់ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន។​​​ នៅឯសាលារៀនវិញ​សុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប​ ហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុត​​។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយ​អ្នកស្រី ប៉ែនរ៉ន និងអ្នកស្រីហួយមាស តែ យុវតីសុទ្ធាមានឈ្មោះបោះសំឡេង ​ក្នុងវិទ្យាល័យ​ យ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀត។ នោះ ព្រោះដោយសារ សំណៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាន នោះឯង។
កាលសុទ្ធានៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន​​ តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារីសុទ្ធាទេ ដែលមានអំណោយទានជាងគេ ​ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។​ ដោយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត​ ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ​ តាំងពីនៅកុមារភាព។​​ ជាពិសេសបំផុតនោះ គឺលោកតារស់ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង។​ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាដែរ មានតែកុមារីសុទ្ធាទេ​​ ដែលរៀនដុះដាលជាងគេ គឹរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន។​
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត​ ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង​ មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។
ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់លោកឧកញ៉ាគេហបតី គីស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ​ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា​ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះ​ដែរ។​ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិរោះ កម្លោះយើង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះ​របស់លោកកម្លោះម្នាក់នោះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់​លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀន​កាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ។ លោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ​ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពី​គាត់ប៉ុន្មាន​ ហើយលោកឪពុករបស់ខ្ញុំ​ក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព​ មួយរូប​ ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់លោកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីប៉ារីស​នោះ។ គេក៏បានសន្យា ផ្តល់តម្លែសេវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតា​រស់ប៊ុនជាឪពុកទេ​ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណោះ។​ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ​ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបាន ប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង​ និង​ដោយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់ប៊ុនក៏ដាច់ចិត្ត បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀង​ក្នុងពិធីនោះ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។​ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ​ តែម្នាក់ឯង​​ ជំរាបឪពុកម្តាយថា​ សុទ្ធាត្រូវគេឃាត់ទុក​ អោយនៅគេងទីនោះ ត្បិត​យប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព​ តែគេបានប្រគល់ប្រាក់កម្រៃ​​ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់​ មិនបានដេកពួនឡើយ។​​
លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ​ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។​ នាងស្ទុះទៅអោបឪពុក​ ស្រែកទ្រហោរយំ ជំរាបលោកថា​ កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង​ ពេលភ្ញៀវចេញទៅផ្ទះអស់។​ ពេលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់​ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។​ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ​​ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។​ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម​​ ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។​ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម នឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី​ គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យ លើនារី។​ ថ្វីបើត្រូវលោកតារស់ប៊ុន គម្រាមយ៉ាងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល​ ដែលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ​ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស​ របស់លោកគីស៊ានហូ។​ ចៃដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។​​ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។​
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា​ ដោយសារការបាត់បង់ដីស្រែ​ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត​។​ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង​រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។​ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរ៉ាវអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិ​ផង​ ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករក អ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល​ ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខ​ឌីណារី និងលោក ឌី​ កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង​ ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា​ ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា​ រស់ សិរី​​ សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែសិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ​​ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។​​​ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាល​ថា​​ សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ​ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា​ នៅភ្នំពេញ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំ​សុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់​ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍​ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។​ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ​ នៅកម្ពុជា មានលោកអ៊ិមសុងសឺម អ្នកស្រី​ហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរ៉ាំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀង​ល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមាច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌​ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់​​ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។

0 comments:

Post a Comment